Sunday, November 27, 2016

WHAT TO REMEMBER ABOUT JESUS that we have to know





ម៉ាថាយ ជំពូក២៨

១ ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ ២ នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះអម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ ៣ សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេកបន្ទោរ ហើយ​សំលៀកបំពាក់​ក៏​សស្គុស​ដូច​ហិមៈ ៤ ពួក​យាម​ល្បាត​ក៏​ញ័ររន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់ ៥ តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង៦ តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ ៧ រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នាៗ នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ៨ ស្ត្រី​២​នាក់​នោះ ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ ៩ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​ព្រះបន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ ឱប​ព្រះបាទ​ថ្វាយ​បង្គំ​ទ្រង់ ១០ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។
១១ កាល​នាង​កំពុង​តែ​រត់​ទៅ នោះ​ពួក​យាម​ល្បាត​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ១២ រួច​កាល​អ្នក​ទាំង​នោះ និង​ពួក​ចាស់ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន ១៣ ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ ១៤ បើ​សេចក្តី​នោះ​ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស ១៥ គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
១៦ ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលីឡេ ដល់​ភ្នំ​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់ ១៧ កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ​បង្គំ តែ​មាន​អ្នក​ខ្លះ​មាន​សេចក្តី​សង្ស័យ ១៨ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ១៩ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២០ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚

No comments:

Post a Comment